នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នំា២០២៥ ឯកឧត្តម យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីពិនិត្យលើការកែសម្រួលចុងក្រោយ លើមុខងាររបស់កម្មវិធី CAO Farmbook មុននឹងដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។
សម្រាប់កិច្ចប្រជុំនេះ មានការចូលរួមផងដែរពី ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារឌីជីថល របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រុមការងារមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម ក្រុមការងារនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីតំណាងពីនាយកដ្ឋានផែនការ និងស្ថិតិ អ្នកជំនាញបច្ចេកទេសអភិវឌ្ឍប្រព័ន្ធ ដើម្បីស្តាប់បទបង្ហាញ និងពិនិត្យលើមុខងារដែលបានកែសម្រួលដោយក្រុមការងារអភិវឌ្ឍកម្មវិធីរបស់អង្គការ GIZ ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម សៀក ឡេង បានធ្វើការពន្យល់ដោយសងេ្ខបពីមុខងារកម្មវិធី និងបានបញ្ជាក់ពីភាពទាក់ទងគ្នានៃទិន្នន័យដែលអាចទាញយកទៅភ្ជាប់ជាមួយប្រព័ន្ធ និងកម្មវិធីផ្សេងទៀតដែលក្រសួងបាន និងកំពុងធ្វើការអភិវឌ្ឍផងដែរ។ បន្ទាប់មកក្រុមការងារអភិវឌ្ឍកម្មវិធី បានធ្វើបទបង្ហាញពីមុខងារសំខាន់ៗរបស់កម្មវិធីជូនអង្គប្រជុំដើម្បីពិនិត្យ និងពិភាក្សាបន្ថែមលើចំណុចខ្វះខាតដែលត្រូវកែសម្រួលឱ្យកាន់តែមានភាពល្អប្រសើរ និងងាយស្រួលក្នុងការប្រើប្រាស់។
សូមបញ្ជាក់ផងដែរថា CAO Farmbook នេះជាកម្មវិធីទូរសព្ទដែលត្រូវបាន បង្កើតឡើងដើម្បីឱ្យមន្ត្រីកសិកម្មឃុំប្រើប្រាស់សម្រាប់ប្រមូល ចងក្រង និងបញ្ចូលទិន្នន័យកសិករ សហគមន៍កសិកម្ម សហគមន៍ព្រៃឈើ សហគមន៍នេសាទ និងស្ថិតិកសិកម្ម ដែលមានមុខងារសំខាន់ៗរួមមាន៖
១. កសិករ (ទិន្នន័យកសិករ ការដាំដុះ និងវិភាគចំណូលចំណាយផលិតកម្ម)
២. ទីផ្សារកសិកផល (អ្នកប្រមូលទិញ ប្រភេទកសិកផល និងបរិមាណដែលត្រូវការ)
៣. អ្នកផ្គត់ផ្គងធាតុចូល (អ្នកផ្គត់ផ្គងធាតុចូលក្នុងតំបន់)
៤. និងមុខងារសំខាន់ៗមួយចំនួនទៀតដូចជា ការប្រមូលផែនទីប្រើប្រាស់ដី ការស្រង់ទិន្នន័យស្ថិតិកសិកម្មជាដើម ។ល។
បន្ទាប់ពីបានពិនិត្យលើការកែសម្រួលមុខងារដោយក្រុមការងារអភិវឌ្ឍកម្មវិធីរបស់អង្គការ GIZ រួចមក ឯកឧត្តម យ៉ង សាំង កុមារ បានស្នើឱ្យក្រុមការងារ បញ្ចូលមុខងារសម្រាប់ស្រង់ទិន្នន័យសហគមន៍ព្រៃឈើ និងសហគមន៍នេសាទបន្ថែមទៀត ព្រមទាំងបានសើ្នឱ្យខាងក្រុមការងារចុះប្រមូលទិន្នន័យផែនទីប្រើប្រាស់ដីជាក់ស្តែងនៅក្នុងតំបន់ណាមួយដើម្បីសាកល្បងសម្រាប់បង្ហាញឱ្យមានក្នុងកម្មវិធីជាក់ស្តែងផងដែរ៕