ប្រជាពលរដ្ឋនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ សម្ដែងក្តីត្រេកអរ ដោយមានមន្ត្រីក្រុមការងារចំពោះកិច្ច ចុះកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន និងឯកសារអត្តសញ្ញាណកម្មជូនពលរដ្ឋដល់មូលដ្ឋាន ដោយឥតគិតថ្លៃ និងរហ័សទាន់ចិត្ត។ យុទ្ធនាការនេះ កើតឡើងតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអាជ្ញាធរមូលដ្ឋាន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ដែលមានឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជាប្រធាន។ ឯកឧត្តមរដ្ឋមន្ដ្រី បានដាក់ចេញនូវចក្ខុវិស័យ ក្នុងន័យជំរុញកិច្ចសហការជិតស្និទ្ធរវាងអាជ្ញាធរថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីបង្កើនគុណភាពសេវាសាធារណៈ ក្នុងន័យផ្ដល់ភាពងាយស្រួល និងផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។ នៅស្រុកអូរជ្រៅ រហូតមកដល់ពេលនេះ យុទ្ធនាការកែតម្រូវឯកសារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មដល់មូលដ្ឋានជិតបិទបញ្ចប់សព្វគ្រប់ហើយ។ មន្ត្រីគ្រប់ថ្នាក់នៅខេត្តបន្ទាយមានជ័យ ប្ដេជ្ញាបន្តការបង្កើនគុណភាពសេវាសាធារណៈ ហើយបញ្ចប់យុទ្ធនាការកែតម្រូវនៅទូទាំងខេត្ត ឱ្យចប់សព្វគ្រប់មុនដំណាច់ឆ្នាំ២០២៥៕