នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការបានជួបសំណេះសំណាលជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅក្រសួងក្នុងគោលបំណងស្វែងយល់អំពីការវិវត្តនៃការប្រើប្រាស់បច្ចេកវិទ្យា ការធ្វើឌីជីថលូបនីយកម្ម និងការជំរុញការងារបរិវត្តកម្មឌីជីថលទាំងក្នុងក្រសួង និងក្នុងវិស័យកសិកម្ម និងការផ្តល់ឱកាសដល់និស្សិតក្នុងការចុះកម្មសិក្សាជាមួយក្រសួង។
កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយកដ្ឋានផែនការ និងស្ថិតិ និងមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម និងសហការី ព្រមទាំសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រងសរុបជាង ៥០នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីសមទ្ធផលការងារសំខាន់ៗនៅក្នុងវិស័យកសិកម្មដែលក្រសួងសម្រេចបាន និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងគាំទ្រការអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះ ឯកឧត្តមក៏បានលើកឡើងអំពីការវិវត្តនៃបច្ចេកវិទ្យាឌីជីថលក្នុងវិស័យកសិកម្ម ដែលក្រសួងបាន និងកំពុងយកចិត្តទុកទាក់ពង្រឹងយ៉ាងសកម្ម ពិសេសលើការធ្វើអភិបាលកិច្ចល្អ និងធនធានមនុស្សឌីជីថល ការចាប់យកនិងអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលដូចជាថ្នាល និងកម្មវិធីនានា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាតាមប្រព័ន្ធឌីជីថលឱ្យកាន់តែល្អប្រសើរ និងមានភាពងាយស្រួលសម្រាប់ប្រជាជន និងធុរជនជាដើម។
បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ក្រសួងរួចមក សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតមានការចាប់អារម្មណ៍ជាខ្លាំងលើការវិវត្តជាបន្តបន្ទាប់ដែលក្រសួងបាន និងកំពុងសម្រេច ពិសេសលើការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យកសិកម្ម។ នាក្នុងឱកាសនេះផងដែរ លោកសាស្រ្តាចារ្យ សៀម មុន្នីល័ក្ខ ព្រឹទ្ធបុរសមហាវិទ្យល័យសេដ្ឋកិច្ចឌីជីថលនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងបានស្នើសុំឱ្យក្រសួងពិនិត្យពិចារណាផ្តល់ឱកាសដល់សិស្សនិស្សិតបានចុះកម្មសិក្សាជាមួយក្រសួងផងដែរ៕