នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Shetty Seetharama THOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេស នៃអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ ហៅកាត់ថា (UNIDO) និងក្រុមការងារ ដើម្បីត្រៀមរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់អ្នកសារព័ត៌មាន ជាលើកទី៣ ទៅកាន់សហគ្រាសកែច្នៃផលិតផលជលផលមួយចំនួន ដែលទទួលបានជោគជ័យរបស់គម្រោង CAPFISH-Capture។
នៅក្នុងជំនួបរៀបចំធ្វើនៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ អ៊ឹម រចនា បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះកិច្ចសហការរវាងក្រសួង រដ្ឋបាលជលផល និងអង្គការ (UNIDO) ដែលបានរៀបចំដំណើរទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មានប្រកបដោយជោគជ័យចំនួន ២លើកកន្លងមក។
សម្រាប់ដំណើរទស្សនកិច្ចលើកទី៣ នាពេលឆាប់ៗខាងមុខនេះ លោកជំទាវសង្ឃឹមថា នឹងទទួលបានការចូលរួមកាន់តែផុលផុសពីសំណាក់អ្នកសារព័ត៌មាន ដើម្បីចូលរួមជំរុញការផ្សព្វផ្សាយផលិតផលក្នុងស្រុក ម្ហូបអាហារមានស្តង់ដារ ប្រកបដោយសុវត្ថិភាព ទៅកាន់សាធារណជនក្នុងស្រុក និងឈានដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
បើគ្មានការប្រែប្រួលណាមួយទេ ដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងនៅអំឡុងដើមខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ ដោយគ្រោងអញ្ជើញសារព័ត៌មានអ្នកសារព័ត៌មានប្រមាណ ៤០រូប មកពី ២៥ស្ថាប័ន ទៅកាន់សហគ្រាសកែច្នៃប្រហុក នៅភ្នំពេញ និងខេត្តសៀមរាប។
សូមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងរដ្ឋបាលជលផល បានសហការជាមួយអង្គការ UNIDO រៀបចំកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មាន (Media Roadshow) ចំនួន២លើករួចមកហើយ។ កម្មវិធីលើកទី៣នេះ រៀបចំធ្វើដើម្បីបូកសរុបលទ្ធផលការងារនៃគម្រោង CAPFISH-Capture មុនពេលគម្រោងនេះ បិទបញ្ចប់ជាស្ថាពរ នៅក្នុងខែធ្នូ ឆ្នាំ២០២៥ ខាងមុខ៕