នៅថ្ងៃទី៣និងទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស្រ៊ុន សុខុន ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រង់គ្រោះមហន្តរាយប្រចាំក្រសួង អមដំណើរដោយក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រង់គ្រោះមហន្តរាយប្រចាំក្រសួង ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរកសិកម្ម ខេត្តព្រៃវែង និងខេត្តកំពង់ចាម និងមន្ត្រីជំនាញ លោកអភិបាលរងស្រុក ជួបសំណេះសំណាលមួយអាជ្ញាធរមូលដ្ឋានឃុំ មន្ត្រីកសិកម្មឃុំ និងចុះពិនិត្យស្ថានភាពគ្រោះទឹកជំនន់រដូវវស្សា និងគ្រោះជំនន់ទឹកភ្លៀង ដែលទទួលរងផលប៉ះពាល់លើដំណាំស្រូវ ក្នុងខេត្តព្រៃវែង និងខេត្តកំពង់ចាម។
ក្នុងដំណើរនេះ ឯកឧត្តមទីប្រឹក្សា បានគូសបញ្ជាក់ថា ខេត្តព្រៃវែងផ្ទៃដីដែលទទួលរងផលប៉ះពាល់ដំណាំស្រូវដោយគ្រោះទឹកជំនន់រដូវវស្សាសរុប ១ ៤៧៧ ហិកតា ស្មើនឹង ១ ០០៥ គ្រួសារ ក្នុងស្រុកចំនួន៣ គឺទី១.ស្រុកពាមរក៍ មាន៣ឃុំ ដែលប៉ះពាល់ដំណាំស្រូវសរុបចំនួន ១ ០៧៥ ហិកតា រួមមានឃុំបន្លិចប្រាសាទ ប៉ះពាល់ដំណាំស្រូវចំនួន ១៨៤ ហិកតា ឃុំពាមមានជ័យ ប៉ះពាល់ដំណាំស្រូវចំនួន ៧៣៦ ហិកតា និងឃុំព្រៃកណ្តៀងចំនួន ១៥៣ ហិកតា។ ទី២. ស្រុកព្រះស្តេចមាន៣ឃុំ ដែលប៉ះពាល់ដំណាំស្រូវសរុបចំនួន ២៧៩ ហិកតា រួមមានឃុំជៃកំពកចំនួន ១៧ ហិកតា ឃុំកំពង់សឹងចំនួន ៣៧ ហិកតា និងឃុំរាធរចំនួន ២២៥ ហិកតា និងទី៣.ស្រុកពោធិ៍រៀង មាន៤ឃុំ ដែលប៉ះពាល់ដំណាំស្រូវសរុបចំនួន ១២៣ ហិកតា រួមមានឃុំ ពោធិ៍រៀងចំនួន ៤៧ ហិកតា ឃុំព្រែកជ្រៃចំនួន ៣ ហិកតា ឃុំព្រៃកន្លោងចំនួន ២៧ ហិកតា និងឃុំព្រែកតាសរចំនួន ៤៦ ហិកតា។
ជាមួយគ្នានេះ ឯកឧត្តមបានឱ្យដឹងទៀតថា ផលប៉ះពាល់លើដំណាំស្រូវ ភាគច្រើនជាស្រូវស្រាលបង្កើនរដូវប្រាំងលើកទី២ នៅតាមទំនាប មាត់បឹង និងស្ទឹង។ ក្នុងនោះដែរក៏មានផ្ទៃដីខូចខាតលើដំណាំស្រូវសរុបចំនួន ៤២៣ ហិកតា ស្រូវក្នុងដំណាក់កាលចេញផ្កា ដាក់ម្សៅ និងទុំ។ អាជ្ញាធរមូលដ្ឋានមិនបានរៀបចំលិខិតស្នើសុំគ្រាប់ពូជ ដោយសារស្ថានភាពនៅតំបន់នេះមិនអាចស្តារឡើងវិញបាន ដោយរង់ចាំរដូវទឹកស្រកទើបអាចដំណាំសារជាថ្មី។
ទន្ទឹមនឹងនេះ ឯកឧត្តមទីប្រឹក្សា ក៏បានសំណូមឱ្យអាជ្ញាធរមូលដ្ឋាន សហការជាមួយមន្ត្រីកសិកម្មឃុំតាមគោលដៅធ្វើការផ្សព្វផ្សាយដល់កសិករប្រើប្រាស់ពូជស្រូវដែលមានអាយុកាលខ្លីជាងគេ និងគិតពេលវេលាដាំដុះឱ្យបានប្រមូលផលមុនទឹកលិច ដោយសារក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ កសិករតែងតែប្រមូលផលបានមុនទឹកជន់លិច តែដោយសារឆ្នាំនេះ នៅថ្ងៃទី១៧ ខែមិថុនាដូចគ្នាទឹកជំនន់ទន្លេមេគង្គបានឡើងដល់កម្ពស់២,៣៣ម ខ្ពស់ជាងឆ្នាំមុន១,២៥ម(ឆ្នាំ២០២៤កម្ពស់១,០៨ម)។
ឯកឧត្តមបន្ថែមថា នៅឯខេត្តកំពង់ចាម ផ្ទៃដីដែលទទួលរងផលប៉ះពាល់ដំណាំស្រូវដោយគ្រោះជំនន់ទឹកភ្លៀងសរុប ៥៣០ ហិកតា ស្មើនឹង ៦៥៦ គ្រួសារ ក្នុងស្រុកស្រីសន្ធរ មាន៣ឃុំ រួមមានឃុំជីបាលចំនួន ៤០៧ ហិកតា ឃុំស្វាយពោធិ៍ចំនួន ៣៤ ហិកតា និងឃុំទងត្រឡាចចំនួន ៨៩ ហិកតា។ ក្នុងនោះដែរក៏មានផៃ្ទដីខូចខាតលើដំណាំស្រូវសរុបចំនួន ២១៩ ហិកតា ស្រូវក្នុងដំណាក់កាលពង្រោះ។រដ្ឋបាលឃុំទាំង៣ តាមរយ:រដ្ឋបាលស្រុក បានរៀបចំលិខិតសំណើសុំគ្រាប់ពូជស្រូវ សម្រាប់ចែកជូនប្រជាកសិករ ដែលមានតម្រូវការដាំដុះ និងស្តារឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ និងខូចខាតស្រូវ ដោយសារគ្រោះធម្មជាតិ (ជំនន់ទឹកភ្លៀង)។ បច្ចុប្បន្នប្រជាពលរដ្ឋបានដាំដុះស្តារឡើងវិញបណ្តើរៗផងដែរ៕