នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង កិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត នៅសាលាខេត្តបន្ទាយមានជ័យ។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសេីរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមន្រ្តីរាជការទាំងអស់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងលេីកទឹកចិត្តបន្តសហការពន្លឿនការងារកែតម្រូវឯកសារអត្រានុកូលដ្ឋាន អត្តសញ្ញាណកម្ម សំដៅលើកកម្ពស់ការងារឱ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស រិះរកវិធីសាស្ត្រដែលមានប្រសិទ្ធភាពដល់ទីតាំង និងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់អង្គពិធី បន្តកសាងសមិទ្ធផលបន្ថែមទៀតនូវវិស័យដទៃទៀតរួមមាន៖ សេដ្ឋកិច្ច សង្គម ការអបរំ សុខាភិបាល ពង្រឹងនូវការងារភូមិឃុំសុវត្ថិភាព លុបបំបាត់ក្មេងទំនេីង និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដោយរៀបចំជាផែនការមេដោះស្រាយជាប្រយោជន៍សាធារណៈ យកចិត្តទុកដាក់ការទទួលសំណេីនិងសំណូមពរ ឆ្លេីយតបឱ្យចំគោលដៅ ទាន់ពេលវេលា វាយតម្លៃច្បាស់លាស់ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី មានសុទិដ្ឋិយមខ្ពស់ចំពោះក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជំរុញការផ្សព្វផ្សាយនូវការខិតខំប្រឹងប្រែង និងលេីកទឹកចិត្តបន្តថែមទៀតដេីម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងប្រែក្លាយខេត្តបន្ទាយមានជ័យទៅជាខេត្តគម្រូលេីការផ្តល់សេវាសាធារណៈល្អដាច់គេ៕