ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោកបណ្ឌិត ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ លោក សេង ទុយ ប្រធាននាយកដ្ឋានវិស្វកម្មកសិកម្ម និងលោក ភី ឈិន ប្រធានការិយាល័យ នៃនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម បានចូលរួមសិក្ខាសាលាស្តីពី «ការគ្រប់គ្រងប្រព័ន្ធទឹក ស្បៀងអាហារ និងថាមពល ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់មហាអនុតំបន់ទន្លេមេគង្គ» នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
សិក្ខាសាលាធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹង និងចែករំលែកបទពិសោធ អំពីការអនុវត្តន៍ប្រព័ន្ធទឹក ស្បៀងអាហារ និងថាមពល (WFE Nexus) តាមរយៈការអនុវត្តន៍ ការបង្ហាញ សាកល្បង និងការពិនិត្យឱកាសនៃការវិនិយោគ ពិនិត្យបច្ចុប្បន្នភាពនៃការអនុវត្តន៍ប្រព័ន្ធ WFE Nexus នៅក្នុងតំបន់ និងការគាំទ្រដល់ការរៀបចំផែនការវិនិយោគ។ លើកកម្ពស់សមត្ថភាពស្ថាប័ន និងអ្នកពាក់ព័ន្ធ អំពីការគ្រប់គ្រងធនធានទឹក ការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យថាមពល។
សូមជម្រាបថា ការអនុវត្តន៍ក្នុងក្របខ័ណ្ឌប្រព័ន្ធ WFE Nexus អនុលោមគោលនយោបាយអភិវឌ្ឍអាទិភាពរបស់ជាតិនៃប្រទេសជាសមាជិកនៅក្នុងតំបន់ តាមការវាយតម្លៃជារួម WFE Nexus បានផ្តល់គុណប្រយោជន៍ប្រមាណ ៥០កោដិដុល្លាសហរដ្ឋអាមេរិក ដល់តំបន់មហាអនុតំបន់ទន្លេមេគង្គ ក្នុងនោះមានដូចជា៖ លើកកម្ពស់ទឹកស្អាត និងសន្តិសុខស្បៀង (ប្រទេសកម្ពុជា) ការអភិវឌ្ឍមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យធនធានទឹកជាតិ (ប្រទេសឡាវ) លើកកម្ពស់ការគ្រប់គ្រងទឹកប្រកដោយប្រសិទ្ធភាព(ប្រទេសថៃ) លើកកម្ពស់ជីវភាពគ្រួសារកសិករតាមរយៈការអនុវត្តន៍ប្រព័ន្ធ Nexus និងពង្រឹងសមត្ថភាពបន្សាំនិងការប្រែប្រួលអាកាសធាតុក្នុងវិស័យកសិកម្ម(ប្រទេសវៀតណាម)៕