នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំ ពី ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ដោយបានអញ្ជើញដឹកនាំកម្លាំង ដែលមានលោកនាយរងអធិការរដ្ឋបាលជលផលមេគង្គ នាយ-នាយរងខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង នាយរងផ្នែករដ្ឋបាលជលផលថាឡាបរិវ៉ាត់ និងមន្ត្រីខណ្ឌរដ្ឋបាលជលផល ឆ្មាំទន្លេអភិរក្សសត្វផ្សោត និងសហគមន៍នេសាទក្នុងស្រុកសៀមបូក បានអញ្ជើញចុះនិត្យស្ថានភាពការនេសាទតាមដងទន្លេ និងល្បាតទប់ស្កាត់បទល្មើសជលផល ក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ នៅក្នុងខេត្តស្ទឹងត្រែង។
ក្នុងដំណើរនេះ ក្រុមការងារជំនាញបានដកហូតវត្ថុតាងមួយចំនួន រួមមាន មងចំនួន ០២ត្បូង ក្រឡា១៥សង់ទីម៉ែត្រ ប្រវែង១៥០ម៉ែត្រ, ដកហូតសន្ទូចរនង ០៣ខ្សែ ប្រវែង ២៥០ម៉ែត្រ ស្មើ ២០០ផ្លែ, អប់រំណែនាំអ្នកនេសាទ ចំនួន ០១នាក់ និងលែងត្រីប្រាកែ ចំនួន០១ក្បាល ចូលទៅក្នុងដែនជម្រកធម្មជាតិវិញ។
ជាមួយគ្នានេះ មន្ត្រីឆ្មាំ និងសហគមន៍នេសាទ ក៏បានសំណូមពរមកក្រុមការងារជំនាញផ្តល់គោមបំភ្លឺ អង្រឹងប៉ារ៉ា កែវឆ្លុះ បន្ថែមសាំងដើម្បីចុះល្បាត ទូកម៉ាស៊ីនចាស់ និងខូចផងដែរ។
ជាចុងបញ្ចប់ ឯកឧត្តមក៏បានប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង និងចុះពិនិត្យស្ថានភាពត្រីនៅក្នុងផ្សារសាមគ្គីស្ទឹងត្រែង ដើម្បីផ្តាំផ្ញើរសួរសុខទុក្ខ ពី ឯកឧត្តម ហាស់ សារ៉េត ជាពិសេស ឯកឧត្តម រដ្ឋមន្ត្រី និងពង្រឹងផ្នែកផ្លូវច្បាប់ និងកិច្ចការការពារដោយសារប្រើយន្តការ២៤ម៉ោង/២៤ម៉ោង៕