តបតាមការចាត់តាំងរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា បានអញ្ជេីញចូលរួមពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅពហុកីឡដ្ឋានអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយនឹងការអញ្ជេីញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួងស្ថាប័ន មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច ព្រមទាំងសិស្ស និងនិស្សិតយ៉ាងច្រេីនកុះករ ពិធីនេះមានគោលបំណងអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាបញ្ជ្រាបខ្លឹមសារអប់រំផ្សព្វផ្សាយ និងបង្ការទប់ស្កាត់ការប្រេីប្រាស់គ្រឿងញៀន ព្រមទាំងលេីកកម្ពស់ការយល់ដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ជាពិសេសក្នុងចំណោមសិស្ស និស្សិត និងយុវជន។ ឯកឧត្តមសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីបានថ្លែងសារអំពាវនាវឱ្យគ្រប់តួអង្គទាំងអស់ ទាំងក្រសួង-ស្ថាប័នរដ្ឋ អង្គការដៃគូជាតិ និងអន្តរជាតិ ព្រមទាំងវិស័យឯនជន និងសហគមន៍ រួមកម្លាំងសាមគ្គីដេីម្បីបង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឬសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា។
កម្មវិធីអបអរសាទរនេះក៏មានដាក់តាំងស្តង់ពិព័រណ៌របស់ក្រសួង ស្ថាប័នជាច្រេីន រួមទាំងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ ដេីម្បីដាក់តាំងបង្ហាញសកម្មភាព និងលទ្ធផលការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។
សូមជម្រាបជូនផងដែរថា ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា តែងយកចិត្តទុកដាក់ខ្ពស់លេីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានណែនាំឱ្យមានការធ្វេីតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រក្នុងចំណោមមន្ត្រីរាជការ ស្របតាមបទបញ្ជា០១របស់រាជរដ្ឋាភិបាល ដេីម្បីធានាថាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ស្អាតស្អំមិនពាក់ព័ន្ធនឹងគ្រឿងញៀន និងឱ្យមានវគ្គអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃគ្រឿងញៀន ដល់និស្សិតនៃសាកលវិទ្យាល័យ និងវិទ្យាស្ថានកសិកម្មទាំង៣របស់ក្រសួង ជាប់ជាប្រចាំដូចភ្លៀងរលឹម៕