នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ឃុន អេវើរ៉ាត អនុប្រធានផ្នែកសហប្រតិបត្តិការ នៃសហភាពអឺរ៉ុប ដែលជាសហប្រធានបានដឹកនាំកិច្ចប្រជុំគណៈកម្មការតម្រង់ទិស កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាបន្ន៖ ផ្នែកជលផល (CaPFish Capture) លើកទី៩ ធ្វើនៅសណ្ឋាគារ កាំបូឌីយ៉ាណា ដែលមានអ្នកចូលរួមចំនួន ៥១នាក់ មកពីរដ្ឋបាលជលផល តំណាងស្ថានទូតសហភាពអឺរ៉ុប ក្រសួងពាក់ព័ន្ធ និងបណ្ដាអង្គការពាក់ព័ន្ធនានា ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ផ្ដោតសំខាន់ទៅលើការត្រួតពិនិត្យលទ្ធផលសម្រេចបាន និងសកម្មភាព ដែលបាននិងកំពុងអនុវត្តសកម្មភាពរហូតមកដល់ពាក់កណ្ដាលឆ្នាំ២០២៥នេះ។ ភាគីពាក់ព័ន្ធក្នុងកិច្ចប្រជុំបានធ្វើបទបង្ហាញ ស្ដីអំពីសមិទ្ធផលសកម្មភាពបានអនុវត្ត ផែនការសកម្មភាពដែលត្រូវអនុវត្តបន្ត និងបញ្ហាប្រឈមនានា ដែលត្រូវលើកយកមកពិភាក្សារកដំណោះស្រាយ ដើម្បីជំរុញឱ្យគម្រោងដំណើរការដោយរលូន និងទទួលបានជោគជ័យ។
បន្ទាប់ពីបានស្ដាប់បទបង្ហាញ ឯកឧត្តមហាស់ សារ៉េត បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះសមិទ្ធផល និងលទ្ធផលការងារដែលទទួលបានជោគជ័យ។ ឯកឧត្តម ក៏បានលើកអនុសាសន៍ល្អៗមួយចំនួនជួយតម្រង់ទិស ៖ ១.ស្នើឱ្យក្រុមការងារទាំងអស់យកចិត្តទុកដាក់ជួយថែរក្សា ការពារអភិរក្សគ្រប់គ្រងធនធានជលផលឱ្យបានគង់វង្សយូរអង្វែង ២.ណែនាំឱ្យក្រុមការងារគម្រោងកំណត់ពីបញ្ហាប្រឈមដែលរារាំងដល់ការអនុវត្តន៍គម្រោង ដើម្បីឱ្យគណៈកម្មការតម្រង់ទិស ពិភាក្សានិងរកដំណោះស្រាយ ៣.ត្រូវយកចិត្តទុកដាក់សហការអនុវត្តសកម្មភាពណាចាំបាច់ និងការងារណាដែលនៅសេសសល់ និងដោះស្រាយបញ្ហាដែលកំពុងរាំងស្ទះឬយឺតយ៉ាវ ៤.បង្កើនសមត្ថភាពតាមរយៈការបណ្ដុះបណ្ដាលធនធានមនុស្ស ៥.ត្រូវរៀបចំសរសេររបាយការណ៍បូកសរុប ដើម្បីបញ្ចប់គម្រោង ដែលបានអនុវត្តរយៈពេល៦ឆ្នាំកន្លងមកនេះ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពអឺរ៉ុប ដែលបានជួយគាំទ្រថវិកា និងក្រសួងហិរញ្ញវត្ថុដែលបានជួយសម្របសម្រួលការងារ សម្រាប់អនុវត្តកម្មវិធី CaPFish Capture ដើម្បីជួយអភិវឌ្ឍ អភិរក្ស គ្រប់គ្រង និងប្រើប្រាស់ធនធានជលផលប្រកបដោយនិរន្តភាព និងជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ៕