អបអរសាទរ ផ្លែទុរេនកម្ពុជា ចំនួនប្រមាណជាង១៧តោន ត្រូវបានវេចខ្ចប់តាមស្តង់ដា និងបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់ជាផ្លូវការ
========================
នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ការនាំចេញផ្លែទុរេនកម្ពុជា ទៅលក់នៅលើទីផ្សាររបស់ប្រទេសចិន បានធ្វើឡើងដោយក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) ដោយមានកិច្ចសហការជាមួយក្រុមហ៊ុននៅប្រទេសចិន បន្ទាប់ពីក្រុមបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តត្បូងឃ្មុំ។
មុនការអនុញ្ញាតឱ្យនាំចេញជាផ្លូវការ អគ្គរដ្ឋបាលគយចិន បានពិនិត្យវាយតម្លៃភាពអនុលាមតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពយ៉ាងម៉ត់ចត់ និងបានចុះបញ្ជីចម្ការទុរេនចំនួន ១១២ និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង។
តាមគម្រោង ក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក នឹងបន្តនាំចេញទុរេនរាប់សិបតោនទៅកាន់ទីផ្សារប្រទេសចិន តាមរយៈការប្រមូលទិញពីចម្ការកសិករចុះបញ្ជីដែលដាំទុរេនក្នុងខេត្តត្បូងឃ្មុំទាំងអស់ ដោយកំណត់ទិញទៅតាមទំហំផ្លែ និងគុណភាពនៃផ្លែទុរេន តាមតម្លៃទីផ្សារជាក់ស្តែង។
សូមជម្រាបថា ប្រទេសកម្ពុជា មានផ្ទៃដីដាំដុះដំណាំទុរេនចំនួនប្រមាណជាង ១១ ០០០ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួនជាង ៧ ០០០ហិកតា ដែលអាចទទួលបរិមាណផលប្រមាណជាង ១២០ ០០០តោនក្នុង១ឆ្នាំ។ ដោយឡែកសម្រាប់ខេត្តត្បូងឃ្មុំ បច្ចុប្បន្នមានផ្ទៃដីដាំដុះដំណាំទុរេនទូទាំងខេត្ត សរុបប្រមាណ ៩៥០ហិកតា ផ្ទៃដីប្រមូលផលចំនួន ៦៨៥ ហិកតា និងទទួលបានបរិមាណផលប្រមាណ ១០ ០០០ តោន៕