នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមអនុរដ្ឋលេខាធិការ ហៃ រស្មី និងឯកឧត្តម ឃី កុសល និងសហការី ដោយមានការចូលរួមពីឯកឧត្តម ស សុដានី អភិបាលរងនៃគណ:អភិបាលខេត្តស្វាយរៀង លោកប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀង និងសហការី បានអញ្ជើញចុះបំពេញការងារមួយចំនួនជាមួយមន្ត្រីកសិកម្មឃុំ និងចុះពិនិត្យការងារបង្កបង្កើនផលស្រូវនៅក្នុងខេត្តស្វាយរៀង។
ក្នុងដំណើរនេះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយមន្ត្រីកសិកម្មឃុំ ព្រមទាំងចុះពិនិត្យការងារបង្កបង្កើនផលស្រូវនៅភូមិព្រៃចំណារ ឃុំធ្មា ស្រុករំដួល ពិនិត្យស្រែរបស់កសិករដែលប្រើស្រូវ IR 4625 (ពូជស្រូវដំណើបវៀតណាម) ដែលបានធ្វើកិច្ចសន្យាជាមួយឈ្មួញទិញក្នុងតំលៃ១០០០រៀលក្នុងមួយគីឡូក្រាម។ ជាមួយគ្នានេះ ក្រុមការងារ ក៏បានចុះពិនិត្យការងារបង្កបង្កើនផលស្រូវនៅភូមិហែកសំណាញ់ ឃុំម៉ឺនជ័យ ស្រុករំដួល នៅតំបន់នេះកសិករធ្វើស្រូវពូជដំណើបវៀតណាម (IR 4625) ដោយមានកិច្ចព្រមព្រៀងទិញពីឈ្មួញទិញក្នុងតម្លៃ ១០០០រៀលក្នុងមួយគីឡូក្រាម។ ចំណែក ស្ថានភាពស្រូវដុះលូតលាស់ល្អ មិនមានកត្តាចង្រៃបំផ្លាញនោះទេ។
នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យប្រជាកសិករយកចិត្តទុកដាក់ថែទាំស្រូវរបស់ខ្លួនរហូតដល់ពេលប្រមូលផល។ ករណីបើកើតមានបញ្ហាអ្វីធ្ងន់ធ្ងរសូមរាយការណ៍មក មេភូមិ មន្ត្រីកសិកម្មឃុំ ស្រុក ខេត្ត ដើម្បីជួយអន្តរាគមន៍ទាន់ពេលវេលា៕