នៅថ្ងៃទី១៥-១៦ ខែកក្កដា ឆ្នាំ២០២៥ លោក កង សារ៉េត ប្រធានការិយាល័យការពារដំណាំ នៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ និងសហការីចំនួន២រូប ដោយមានការចូលរួមពីលោក អុិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងលោក ឃុន សុខហៃ មន្រ្តីកសិកម្មឃុំកំពង់ព្រៀង បានចុះពិនិត្យស្ថានភាពមមាចត្នោតក្នុងភូមិចំនួន៣រួមមាន៖ ភូមិសំបុកអក ភូមិសាលាត្រាវ និងភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ដែលផលិតកម្មស្រូវនៅតំបន់នោះជាប្រភេទស្រូវស្រង៉ែស្រាល និងសែនក្រអូប ហើយកសិករបានចុះកិច្ចសន្យាជាមួយរោងម៉ាស៊ីនកិនស្រូវ អេមរុរាយស៍ (Amru Rice) ដូច្នេះរាល់ធាតុចូលកសិកម្មទាំងអស់រោងម៉ាស៊ីនជាអ្នកផ្គត់ផ្គង់។
យោងតាមការចុះពិនិត្យស្រែជាក់ស្តែងឃើញថា មានវត្តមានប្រជាករមមាចត្នោតមានត្រឹមតែ ១០-១៥ក្បាលប៉ុណ្ណោះក្នុងផ្ទៃដីស្រែ១ម៉ែត្រការ៉េ ដែលចំនួននេះមិនធ្វើអោយប៉ះពាល់ដល់ទិន្នផលស្រូវឡើយ។ ទន្ទឹមនឹងនេះ កសិករក៏បានបាញ់ថ្នាំកម្ចាត់មមាចត្នោតរួចរាល់ហើយដែរ។ ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមការងារក៏បានណែនាំមន្ត្រីកសិកម្មឃុំ ឱ្យអំពាវនាវដល់ប្រជាកសិករទាំងអស់ចុះពិនិត្យស្រែជាប្រចាំ ព្រមទាំងបានផ្តល់ថ្នាំកសិកម្មមួយចំនួនជូនដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ដើម្បីត្រៀមទុកសម្រាប់អន្តរាគមន៍។