ព័ត៌មានផ្សេងៗទៀត
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អបអរសាទរបងប្អូនប្រជាកសិករសហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍តាំងគោក ខេត្តកំពង់ធំ ដែលបានជ្រើសដាំពូជស្រូវសែនក្រអូប០១ ចំណេញច្រើនជាងអ្នកដាំស្រូវអូអឹមជាង ១ លានរៀលក្នុង ១ ហិចតា។ ផលចំណេញនេះគឺសម្រេចបានដោយការចងក្រងជាសហគមន៍កសិកម្មទំនើប ការជ្រើសរើសពូជយុទ្ធសាស្ត្រ និងការចុះកិច្ចសន្យាទិញលក់ជាមុន។ ស្រូវសែនក្រអូប០១ គឺកំពុងលក់ចេញក្នុងតម្លៃ ១២៧០៛ ក្នុង ១ គីឡូក្រាម។ បន្ថែមពីលើនេះការដាំដុះជាសហគមន៍កសិកម្មទំនើប បានធានាទីផ្សារជាមុន ហើយកាត់បន្ថយថ្លៃដើមផលិតកម្ម ជាពិសេសការចំណេញថ្លៃជីរហូតទៅដល់ ៣០០០០៛ ក្នុង ១ បាវ បើធៀបទៅនឹងការដាំដុះរៀងៗខ្លួន។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តជ្រោមជ្រែងឱ្យសហគមន៍ទំនើបរីកចម្រើន និងជោគជ័យជានិរន្តរ៍ ដើម្បីជួយលើកស្ទួយជីវភាពប្រជាកសិករឱ្យកាន់តែប្រសើរ៕