នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពគម្រោង EU-German CAPSAFE Project Progress Meeting ដោយមានការចូលរួមពី ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការ ឯកឧត្តម សាយ សុភភោគា អនុរដ្ឋលេខាធិការ តំណាងអគ្គនាយកដ្ឋានកសិកម្ម តំណាងនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងនាយកដ្ឋានកសិ-ឧស្សាហកម្ម និងក្រុមការងារ EU-German CAPSAFE ដែលកិច្ចប្រជុំធ្វើនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណង៖ (១) បង្ហាញពីវឌ្ឍនភាពគម្រោងនៃ EU-German CAPSAFE ទៅលើ Output ចំនួន៣ រួមមានៈ ការកសាងសមត្ថភាព ការកែលម្អការអនុវត្តន៍ខ្សែច្រវាក់តម្លៃ និងការបង្កើនសមត្ថភាព MSMEs និង IAFs និង (២) ការពិភាក្សារៀបចំផែនការអនុវត្ត រួមគ្នាបន្ត រវាងអង្គភាពពាក់ព័ន្ធ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយគម្រោង EU-German CAPSAFE ។ ទន្ទឹងនឹងនោះ ឯកឧត្តម តូច ប៊ុនហួរ ដែលជាប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារគម្រោងជាមួយអង្គភាពពាក់ព័ន្ធនៃក្រសួងកសិកម្ម ដែលបានសហការរួមគ្នាអនុវត្តបានល្អប្រសើរ។ លើសពីនេះទៅទៀត ឯកឧត្តមប្រធានបានណែនាំដល់អង្គភាពពាក់ព័ន្ធចំណុះ ត្រូវចូលរួមអនុវត្ត តាមដាន ដោយធ្វើយ៉ាងណាឱ្យសកម្មភាពដែលបានលើកឡើង ត្រូវបន្ស៊ីគ្នាជាមួយសកម្មភាពជាក់ស្តែងរបស់អង្គភាពរៀងៗខ្លួន៕