នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលេីអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) សាជីវកម្មធានាឥណទានកម្ពុជា(CGCC) និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា(FTB) នៅទីស្តីការក្រសួង។
នៅចំពោះមុខអង្គពិធី ឯកឧត្តមរដ្ឋមន្ដ្រី បានលេីកឡេីងថានេះជាសមិទ្ធផលថ្មីនៃការខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម សហការជាមួយដៃគូសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ស្របតាមទស្សនទាន «មានហូប មានប្រេី មានបាន និងមានរហូត។
បេីតាមឯកឧត្តមរដ្ឋមន្ត្រី សហគមន៍កសិកម្មទំនេីប គឺជាដំណោះស្រាយមួយដ៏ល្អជួយដល់ប្រជាកសិករទទួលបានទុនកម្ចីសម្រាប់ផលិតកម្មចំគោលដៅ ធានាបាននូវការផ្គត់ផ្គង់ទាំងគុណភាពនិងបរិមាណ ទទួលបានការគាំទ្រជាច្រេីនពីក្រសួង កាត់បន្ថយថ្លៃដេីមផលិត មានហានិភ័យទាបពីកត្តាទីផ្សារនិងកត្តាអាកាសធាតុ និងមានរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ សំដៅលេីកកម្ពស់ជីវភាពប្រជាពលរដ្ឋ ទទួលបានផលចំនេញ និងសេដ្ឋកិច្ចមាត្រដ្ឋាន។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ដៃគូទាំងអស់ និងបានសង្កត់ធ្ងន់ថានេះជាឆន្ទៈមួយដ៏ធំជួយដល់វិស័យកសិកម្មកម្ពុជា ស្តែងចេញជាការកសាងទំនុកចិត្តជាមួយគ្នា បង្កេីនល្បឿននៃការអនុវត្តន៍ គិតគូរបែបបុរេសកម្ម ដើម្បីសម្រេចនូវលទ្ធផលល្អឱ្យទទួលបានជោគជ័យទាំងអស់គ្នា និងតម្កល់ផលប្រយោជន៍ជាតិជាធំ៕