នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងរៀបចំប្រារព្ធពិធីទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២៥ ស្ថិតនៅបឹងទន្លេបាទី ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
ក្នុងដំណើរនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ក្រុមការងារជំនាញរៀបចំបានប្រមាណជា៧០% ដើម្បីទទួលស្វាគមន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ដែលនឹងអញ្ជើញជាអធិបតី ព្រមទាំងថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកអគ្គរដ្ឋទូត អភិបាលខេត្ត អង្គការដៃគូ អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថិកិច្ចពាក់ព័ន្ធផ្សេងៗទៀត និងប្រជាពលរដ្ឋ មកពីស្រុកបាទី ស្រុកសំរោង ស្រុកព្រៃកប្បាស សរុបទាំងអស់ប្រមាណ៥៨៥០នាក់។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការរៀបចំប្រារព្ធទិវាមច្ឆជាតិ ថ្ងៃទី១ កក្កដា ពិតជាមានសារៈសំខាន់សម្រាប់ផ្សព្វផ្សាយ និងបំផុសប្រជាពលរដ្ឋឱ្យមានការចូលរួមថែរក្សា ការពារ និងអភិរក្សធនធានជលផល ពិសេសឱ្យបានយល់ច្បាស់ពីសារៈសំខាន់នៃធនធានជលផល និងដើម្បីបង្កើនផលស្តុកនៅក្នុងធម្មជាតិ៕