នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី អន ស៊ីថា ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបត់ត្រង់ បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណ:នៅសាលាឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួម លោក កែវ តុម ប្រធានក្រុមប្រឹក្សាស្រុក លោក អ៊ូ សុភាព អភិបាលរងស្រុក លោក លោកស្រី អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំបត់ត្រង់ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងឃុំ សរុបប្រមាណ១៨៩នាក់។
វេទិកានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាលតាមរយៈសកម្មភាពថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងការជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីស្វែងយល់អំពីជីវភាពរស់នៅ និងស្ដាប់នូវកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅមូលដ្ឋាន ការផ្សព្វផ្សាយអំពីកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋជ្រាប និងស្វែងរកការគាំទ្រ និងការចូលរួមអនុវត្ត និងការដោះស្រាយ សំណើ សំណូមពរ បញ្ហាប្រឈមនានា នៅមូលដ្ឋាន ដើម្បីកំណត់អំពីវិធានការដោះស្រាយឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ជាកិច្ចចាប់ផ្តើម មតិសំណេះសំណាល និងបើកវេទិកាសាធារណៈ លោកស្រីប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម បានបើកដំណើរការកិច្ចពិភាក្សា និងឱ្យពលរដ្ឋលើកពីបញ្ហា ក្តីកង្វល់ សំណូមពរ និងសំណើផ្សេងៗដើម្បីដោះស្រាយ។
នៅក្នុងវេទិកាសាធារណៈនេះ ប្រជាពលរដ្ឋបានលើកជាសំណើ និងសំណូមពរ ដើម្បីស្នើសុំឱ្យលោកស្រីប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម ជួយរកដំណោះស្រាយផងដែរ។ ស្របពេលជាមួយគ្នានេះ លោកស្រីប្រធាន ក៏បានឆ្លើយតប និងរកដំណោះស្រាយជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕