នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះញែក បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកកោះញែក ដែលនៅសេសសល់ ចំនួន ១០ភូមិ ស្មើនឹង ២ ២៧៨បណ្ណ ដែលរៀបចំដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត នៅសាលាស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ឯកឧត្តមគូសបញ្ជាក់ថា ការផ្ដល់សេវាសាធារណៈឱ្យកាន់តែកៀកដល់មូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ គឺជា ការចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត បរិយាកាសគ្មានវិវាទ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីផ្ដល់វិញ្ញាបនប័ត្រអចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ដល់ដៃប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិករ ដើម្បីងាយស្រួលក្នុងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល ក្នុងគោលដៅបញ្ចប់ត្រឹមឆ្នាំ២០២៧។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ អ៊ួង កុសល ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមថែរក្សា និងប្រើប្រាស់បណ្ណដែលទទួលបាននាពេលនេះឱ្យបានត្រឹមត្រូវ ដែលជាទ្រព្យសម្បត្តិធ្វើឱ្យពួកគាត់រីកចម្រើនក្នុងជីវិត និងបន្សល់ជាមរតកបន្តជំនាន់៕