នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានបន្តដឹកនាំក្រុមការងារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ រដ្ឋបាលស្រុកក្រូចឆ្មារ កម្លាំងយោធាប្រចាំការគោលដៅទី៣ អាជ្ញាធរឃុំទ្រា និងកម្លាំងគណៈកម្មការសហគមន៍នេសាទបឹងរាំង បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល រុះរើ និងបំផ្លាញចោលនូវឧបករណ៍ល្មើសច្បាប់បានមួយចំនួន។
ជាលទ្ធផលនៃប្រតិបត្តិការបង្រ្កាបនោះ បានរឹបអូសមានដូចជា៖ ឧបករណ៍លូស្បៃមុងចំនួន ១មាត់ របាំងស្បៃមុងប្រវែងចំនួន ៥០ម៉ែត្រ បង្គោលចម្រឹងចំនួន ២៥ដើម ចាក់លែងកូនត្រីចម្រុះទម្ងន់ ០៥គីឡូក្រាម ស្ថិតនៅចំណុចបឹងរាំង បឹងកំភី និងបឹងណ្ដាស់ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ជាមួយគ្នានោះក្រុមការងារ បានបន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាស្រុក ក្នុងខេត្តត្បូងឃ្មុំនោះ និងបានផ្សព្វផ្សាយដល់ប្រជានេសាទសូមបញ្ឈប់ការនេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់៕