នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានដឹកនាំក្រុមការងារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកកំពង់សៀម កងរាជអាវុធហត្ថស្រុកកំពង់សៀម កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម អាជ្ញាធរឃុំកៀនជ្រៃ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកៀនជ្រៃ និងដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល រុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់១ចំនួន។
ជាលទ្ធផលនៃប្រតិបត្តិការបង្រ្កាបបានចំនួន២ករណី រួមមាន៖ ករណីទី១ មានដូចជាៈ ឧបករណ៍លូស្បៃមុងចំនួន ១២ មាត់ របាំងស្បៃមុងប្រវែងចំនួន ៣០០ម៉ែត្រ បង្គោលចម្រឹងចំនួន ១៨០ ដើម ចាក់លែងកូនត្រីចម្រុះទម្ងន់ ០៦គីឡូក្រាម នៅចំណុចចុងព្រែកកៀនជ្រៃ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ករណីទី២ មានដូចជាៈ ឧបករណ៍លូស្បៃមុងចំនួន ១៦មាត់ របាំងស្បៃមុងប្រវែងចំនួន ៤៨០ ម៉ែត្រ បង្គោលចម្រឹងចំនួន ២៤០ ដើម ចាក់លែងកូនត្រីចម្រុះទម្ងន់ ៧.៥គីឡូក្រាម នៅចំណុចវាខ្ទិល ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ចុងបញ្ចប់ក្រុមការងារ បន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាលស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទបញ្ឈប់ការនេសាទដែលប្រើប្រាស់ឧបករណ៍ល្មើសច្បាប់៕