នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆមាសទី២ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ខូយ ឈីន សមាជិកក្រុមប្រឹក្សាខេត្ត លោក អ៉ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តលោកប្រធានមន្ទីរកសិកម្ម ខេត្តសៀមរាប និងលោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនានានៃខណ្ឌរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលព្រៃឈើ និងប្រធានការិយាល័យក្រោមចំណុះមន្ទីរ ព្រមទាំងតំណាងរដ្ឋបាលក្រុង ស្រុក និងមន្ត្រីកសិកម្មឃុំ សង្កាត់ ក្នុងខេត្តសៀមរាប ដែលសរុបអ្នកចូលរួមប្រមាណ២១០នាក់។
កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងរិះរកចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈមនានា និងការចែករំលែកបទពិសោធន៍ ដើម្បីដាក់ចេញនូវវិធានការដោះស្រាយ គាំទ្រ និងកំណត់សកម្មភាពជាអាទិភាពសំដៅប្រសិទ្ធភាព និងប្រសិទ្ធផលការងារ ឈានឆ្ពោះទៅរកការអភិវឌ្ឍវិស័យកសិកម្ម ឱ្យកាន់តែរីកចម្រើនថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ខិតខំប្រឹងប្រែងបំពេញការងារ លះបង់កម្លាំង កាយកម្លាំងចិត្ត ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារកន្លងមកដោយទទួលបានផ្លែផ្កា។
បើតាមឯកឧត្តមរដ្ឋលេខាធិការ ការងារកសិកម្មខេត្តសៀមរាប មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងសម្រេចបានលទ្ធផលការងារ ស្របតាមផែនការដែលបានគ្រោងទុក។ តែទោះជាយ៉ាងណា វិស័យនេះក៏នៅជួបបញ្ហាមួយចំនួន ដែលតម្រូវឱ្យមន្ត្រីជំនាញបន្តយកចិត្តទុកដាក់គាំទ្រ និងជំរុញបន្ថែមទៀត។
ចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវរៀបចំ និងអនុវត្តផែនការសកម្មភាព និងសូចនាករឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ កាន់តែមានប្រសិទ្ធភាព និងដាក់អាទិភាពឱ្យចំគោលដៅ ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងបន្តពង្រឹងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធរួមគ្នាជំរុញ និងគាំទ្រកាងារកសិកម្មនៅខេត្តសៀមរាប ឱ្យកាន់តែរីកចម្រើនថែមទៀត៕